ជ្រើសរើសភាសា: Khmer Khmer English English
ពិធីសំណេះសំណាលអបអរសាទរខួបលើកទី១១២ ទិវាអន្ដរជាតិនារី ៨មីនា ២០២៣ ក្រោមមូលបទ “ស្រី្ដរួមគ្នារក្សាសុខសន្ដិភាព ដើម្បីកិច្ចអភិវឌ្ឍក្នុងយុគសម័យឌីជីថល”
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃព្រហស្បត្តិ៍ ទី០៩ ខែមីនា ឆ្នាំ ២០២៣

កំពង់ឆ្នាំង,នាព្រឹកថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៣ លោកស្រី ស៊ែម សុធីវីរ អនុប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកំពង់ឆ្នាំង និងមន្រ្តីចំនួន ០២នាក់ បានចូលរួមក្នុងពិធីសំណេះសំណាលអបអរសាទរខួបលើកទី១១២ ទិវាអន្ដរជាតិនារី ៨មីនា ២០២៣ ក្រោមមូលបទ “ស្រី្ដរួមគ្នារក្សាសុខសន្ដិភាព ដើម្បីកិច្ចអភិវឌ្ឍក្នុងយុគសម័យឌីជីថល” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោកជំទាវ។ ពិធីនេះប្រារព្ធធ្វើនៅសាលាជាតិគយ។
នៅក្នុងឱកាសនោះ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានលើកឡើងថា ក្រោមម្លប់នៃសន្តិភាព និងកិច្ចអភិវឌ្ឍ ស្រ្តីកម្ពុជាជាកម្លាំងចលករ ដែលបានរួមចំណែកក្នុងកំណើនសេដ្ឋកិច្ច ហើយបច្ចុប្បន្ន ស្ត្រីមានកាលានុវត្តភាព ក្នុងការអនុវត្តសិទ្ធិ អភិវឌ្ឍចំណេះដឹង ជំនាញ និងបច្ចេកទេស។ លើសពីនេះទៀត ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ បានគូសបញ្ជាក់ថា ឆ្នាំ២០២៣នេះ យើងបានរៀបចំពិធីអបអរសាទរទិវាអន្តរជាតិនារី ៨មីនា ខួបទី១១២ ក្នុងគោលបំណងបន្តរំលេចពី (១) តម្លៃ នៃការចូលរួមរបស់ស្រ្តី ដែលមិនអាចកាត់ថ្លៃបាន ក្នុងការថែរក្សាសុខសន្តិភាព ខណៈពិភពលោកកំពុងជួបប្រទះភាពតានតឹង និងកម្ពុជាកំពុងតែគ្រប់គ្រង ឱ្យបាននូវសណ្តាប់ធ្នាប់ល្អ ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលថ្មីប្រកបដោយភាពសេរី និងយុត្តិធម៌ និង (២) រំលេចលើបរិវត្តកម្មសេដ្ឋកិច្ច-សង្គមដែលកើតឡើង ក្នុងពិភពលោក ក៏ដូចនៅកម្ពុជាពន្លឿនដោយវិបត្តិកូវីត១៩ និងបដិវត្តឧស្សាហកម្ម៤.០ ដោយតម្រូវឲ្យធនធានស្ត្រីត្រូវចាប់យក ឱ្យទាន់សភាពការណ៍ដើម្បីបន្ស៊ាំខ្លួន និងឆ្លើយតបទៅតម្រូវការបច្ចុប្បន្ន។

ព័ត៌មានទាក់ទង